Thursday, 9 April 2015

ដំបូន្មានខ្លះៗសម្រាប់បេក្ខជនប្រលងបាក់ឌុបថ្ងៃ ៤-៥ សីហា ២០១៤ នេះ

ដំបូន្មានខ្លះៗសម្រាប់បេក្ខជនប្រលងបាក់ឌុបថ្ងៃ ៤-៥ សីហា ២០១៤ នេះ

ថ្ងៃទី ៤-៥ ខែ សីហា ឆ្នាំ ២០១៤ នេះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រលងបញ្ចប់ថ្នាក់ទុតិយភូមិ ឬ ហើយហៅថាបាក់ឌុបនេះឯង។ តើប្អូនៗ ត្រៀមហើយឬនៅ? ចំនុចដែលខ្ញុំមើលឃើញកន្លងមក គុណភាពអប់រំហាក់ធ្លាក់ចុះបន្តិច ដោយសារសិស្សមិនសូវរៀនដូចជំនាន់កាលពីជាង៥-៦ឆ្នាំមុនឡើយ។ ក្រឡេកមើលថ្ងៃកៀកនឹងការប្រលងមកដល់ សិស្សខំសម្រុកទៅរៀនគួរ យ៉ានណែនតាន់តាប់ តើនេះជាសញ្ញាវិជ្ជមានដែលនាំពួកគេឲ្យទទួលជោគជ័យក្នុងការប្រលងឬ? សិស្សមួយចំនួនធំ នៅរាជធានីភ្នំពេញ បានសម្រុកមករៀនគួរគ្រប់មុខវិជ្ជាដើម្បីត្រៀមខ្លួនក្នុងការប្រលងនៅថ្ងៃខាងមុខដ៏ខ្លីនេះ។ តើកេមករៀនដើម្បីចេះ ឬដើម្បីបានវិញ្ញាសាដែលមានលំហាត់ចេញត្រូវ? ចម្លើយដ៏ងាយគឺថា ពួកគេភាគច្រើនមករៀនដើម្បីបានវិញ្ញា​សា ដែលចេញត្រូវនៅពេលប្រលង។ ខ្ញុំសូមមានមតិខ្លះចូលរួមក្នុងរឿង​នេះ ព្រោះថាខ្ញុំមានបទពិសោធន៍ច្រើន លើការប្រលងបាក់ឌុបនេះ គឺរាល់ឆ្នាំតែងតែមានអ្នកមកពឹងខ្ញុំដើម្បីជួយក្នុងការប្រលង។ ប្អូនៗមួយចំនួន បានមើលរម្លងលើរបៀបសិក្សារបស់ខ្លួន​ មើលរម្លងយ៉ាងម៉េច? អ្នកខ្លះប្រឹងរៀនណាស់ រៀនមិនដែលឈប់ បើរៀនគួរវិញ គឺរៀនស្ទើរគ្មានម៉ោងសម្រាក ឬ ញ៉ាំបាយ។ តែសួរថា តើគេទទួលបានលទ្ធផលប៉ុណ្ណាដែរ ចំពោះការប្រឹងរៀនរបស់គេនោះ? បើទទួលបានលទ្ធផលល្អនោះជាជោគជ័យដ៏ល្អ តែបើមិនបានផលល្អ នេះជាការខាតបង់ដ៏ធំធេង។ រៀនពួកែ និងពូកែ រៀនគឺខុសគ្នាដាច់តែម្តង (ចំណុចនេះខ្ញុំនឹងលើកមកបកស្រាយនៅពេលក្រោយ)។ #គន្លឺះខ្លះដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលង៖ *#កុំមើលរម្លង សៀវភៅមេរៀន៖ (សៀវភៅពុម្ពរបស់ក្រសួងអប់រំ) ព្រោះថាមេរៀនដែលចេញប្រលង គឺមិនផុតពីសៀវភៅពុម្ពនេះឡើយ។ *កុំពឹងផ្អែកលើសៀវភៅកំណែឬ ប្រយ៉ុងពេក៖ (សៀវភៅខ្លះកែសំណួរ ឬ ឆ្លើយសំណួរ មានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ពេលខ្លះឆ្លើយចាកប្រធានក៏មាន) យើងត្រូវពឹងលើគំនិតយើងខ្លះ បន្ថែមបន្ថយខ្លះ ជាជាងចម្លងពីកំណែ ១០០ ភាគរយ។ *#ត្រូវចេះសរសេរយកពិន្ទុ៖(សំណួរខ្លះ ដូចជាក្នុងមុខវិជ្ជា ពលរដ្ឋវិជ្ជា បើយើងឆ្លើយធម្មតា សរសេរ ត្រេ “-” ឬសរសេររៀបរាប់បែបកថាខណ្ឌ មិនបានពិន្ទុពេញទេ ផ្ទុយទៅវិញបើយើងចេះរៀបចំជាផ្នែក (category) ហើយចែកផ្នែកនោះជាចំនុច ត្រេ(“-”) តូចៗ ទៀតនោះ យើងនឹងអាចបានពិន្ទុក្បែរពេញ)ឧទាហរណ៍៖ សំណួរគេសួរថា៖ តើគ្រឿងញៀនអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ អ្នក គ្រួសារ និង សង្គមជាតិ? ចឹងយើងត្រូវឆ្លើយ រៀបជាផ្នែក ៖ -ចំពោះខ្លួនយើង (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..) -ចំពោះគ្រួសារ (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..) -ចំពោះសង្គមជាតិ (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..) នោះអ្នកកែ ពិបាកដកពិន្ទុយើងបានណាស់ ! * #កុំរម្លងវិញ្ញាសាដែលធ្លាប់ចេញរួចហើយ ! ដូចជាវិញ្ញាសា រូបវិទ្យា គីមីិវិទ្យា គណិតវិទ្យា លំហាត់ដែលចេញពេល ឆមាស ឬ បាក់ឌុប គឺត្រូវបានគេដកស្រង់ចេញពីវិញ្ញាសា ដែលបានប្រលងរួចហើយមកដាក់ម្តងទៀត ជួនកាលយកមកដាក់ទាំងដុល ហើយជួនកាលទៀត គ្រាន់តែកែលេខ។ ជាក់ស្តែង វិញ្ញាសា រូបវិទ្យា ឆមាសទី ២ ឆ្នាំ ២០១១ លំហាត់ទី ៣ ចឹងទៅ ត្រូវបានគេយកមកចេញប្តងទៀត នៅពេលប្រលងបាក់ឌុប ឆ្នាំ ២០១២ ហើយ យកមកចេញនៅឆមាសទី ១ ឆ្នាំ ២០១៣ ក៏មាន។ អញ្ចឹងយើងត្រូវស្រាវជ្រាវ រៀនធ្វើលំហាត់ដែលធ្លាប់ចេញ រួចហើយឲ្យស្ទាត់ នោះយើងនឹងបានទទួលជោគជ័យមិនខានចំពោះមុខវិជ្ជានោះ។ អ្នកអាចរកទិញ សៀវភៅ រូបវិទ្យា គណិតវិទ្យា… កម្រងវិញ្ញសា ប្រលងហើយ ឆមាស បាក់ឌុប ពីឆ្នាំ ២០០២-២០១២ ឬ ២០១៣ បាននៅទីផ្សារ (នៅបាក់ទូក កន្លែង ហ្វូតូកុពី ផ្លូវកែវចូលសាលាជ័យថាវី)។ * #លំហាត់ដែលចេញ គឺចេញតាមរបៀប លំនាំគ្នា មិនថាមុខវិជ្ជា រូប គីមី គណិត … ឡើយ។ឧទាហរណ៍៖ វិញ្ញាសាគណិតវិទ្យា ដែលជាមុខវិជ្ជាដែលមានពិន្ទុខ្ពស់ជាងគេ គឺរបៀបចេញលំហាត់របស់គេ ជាទូទៅ មាន ៦-៧ លំហាត់។ ជាទូទៅ លំហាត់ទី១ គេចេញ កុំផ្លិច ទី២ ចេញ ប្រូបាប ទី៣ ចេញ អាំងតេក្រាល(គណនា រក A, B, C រួចទាញរក អាំងតេក្រាល I) ទី៤ ចេញ សមីការឌឺផេរ៉ង់ស្យែល ឬ អេលីប ប៉ារ៉ាបូល ទី ៥ ចេញ អនុគមន៍ (រកដេរីវ៉េ សមីការបន្ទាត់ប៉ះ…) ទី៦ ចេញ លំហាត់ធរណីមាត្រក្នុងលំហ (ផលគុណវិចទ័រ សមីការបន្ទាត់ ស្វ៊ែរ សមីការប្លង់ មាឌតេត្រាអែត…) ហើយទី៧ គឺលំហាត់ដែលមានពិន្ទុច្រើនជាងគេ គឺ សិក្សាអនុគមន៍ និង សង់ក្រាប (រកលីមីត ដេរីវេ បរមា អាស៊ីមតូត សង់តារាងអត្ថេភាព សង់ក្រាប..) *#ត្រូវដឹងខ្លួនឲ្យច្បាស់ថា ខណនេះ(កៀកថ្ងៃប្រលងហើយ) តើសមត្ថភាពយើងបានប៉ុណ្ណា? ត្រូវត្រៀមអ្វីខ្លះ? ក្រឡេកមើលវិញ្ញាសាមួយ(បាក់ឌុបឆ្នាំ២០១៣) តើយើងអាចធ្វើបានប៉ុន្មានភាគរយ? បើធ្វើបានតែ ៧០ភាគរយ ចុះ ៣០ភាគរយទៀតត្រូវធ្វើយ៉ាងម៉េច? ឧទាហរណ៍ថា លំហាត់ប្រូបាប យើងអត់ច្បាស់ទេ ចឹងត្រូវពង្រឹងលំហាត់នេះឲ្យបានច្រើនតាមទៅអាចធ្វើបាន តាមពេលវេលាដែលយើងនៅសស់។ អូ! លំហាត់ ទី១ កុំផ្លិចខ្ញុំអត់ចេះទេ! ចឹងយ៉ាងហើយណាស់ត្រូវមានរូបមន្ត ឬរបៀបធ្វើលំហាត់នេះ យកវាមកមើល ពីរបៀបធ្វើ លំនាំធ្វើ បើយើងអនុវត្តបានច្រើនដង ទៅលើលំហាត់ប្រភេទនេះ នោះយើងនឹងលែងបារម្មណ៍ថាខ្លាចលំហាត់នេះហើយ។ ប្រការដែលត្រូវត្រៀម គឺសុខភាព ឲ្យបានល្អ រឹងមាំ (ហាមដាច់ខាតដល់ថ្ងៃប្រលងស្អែក យប់នេះនៅដល់ម៉ោង ២-៣ ភ្លឺ-យប់ជ្រៅពេក ធ្វើឲ្យបាក់កំលាំង ពេលប្រលងងុយដេក) ។ ត្រូវរៀបចំឯកសារ ឲ្យរៀបរយ តើថ្ងៃប្រលងត្រូវមានអ្វីខ្លះ(មិនមែនរៀបចំប្រយ៉ុងទេឬ?) ។ *#ពេលកំពុងប្រលង៖ ឧទាហរណ៍ដូចប្រធានឆ្នាំ២០១៣៖ ត្រូវធ្វើលំហាត់ណាដែលចេះមុន មិនបាច់តាមលំដាប់ឡើយ។ ពិនិត្យឲ្យច្បាស់ ដូចលំហាត់ទី ៦ បើរក លីមីត ខុស រកអាស៊ីមតូតក៏ខុសដែរ ។ ហើយចំនុចគណនាដេរីវេ បើគណនាដេរីវេខុស ចំនុចសំណួរខាងក្រោមទៀត នឹងខុសតាម…ដូចច្នោះប្រភេទលំហាត់អញ្ចឹង ត្រូវការផ្ទៀងផ្ទាត់ ២-៣ ដង ថាយើងគណនាត្រូវឬនៅ? *#ការគ្រប់គ្រងពេលវេលា៖ ចាំបាច់ត្រូវមាន #នាឡិកាដៃ ពាក់នៅពេលប្រលង ព្រោះយើងដឹងម៉ោងថា នៅម៉ោងប៉ុន្មានទៀត យើងធ្វើបានប៉ុណ្ណាហើយ? កុំឲ្យចេះតែធ្វើ លំហាត់! ចេះទាំងអស់ តែធ្វើចុះធ្វើឡើង ជួង ១៥នាទីបាត់ នៅលំហាត់ទី ៦ អត់ទាន់បានធ្វើ។ ពេលនោះអារម្មណ៍ ប្រាកដជា ពិបាកគ្រប់គ្រង ភ័យ ញ័រ សរសេរលេងកើត ចឹងត្រូវលៃពេលវេលា បើថានៅ ១៥នាទីចុងក្រោយ លំហាត់ ត្រូវសរសេរ កាត់ខ្លះ មិនចាំបាច់ក្បោះក្បាយទេ កុំឲ្យខាតពិន្ទុដោយមិនបានធ្វើគ្រប់ជ្រុងជ្រយ។ នេះគ្រាន់តែគំនិត និងបទពិសោធន៍របស់ខ្ញុំកន្លងមកប៉ុណ្ណោះ សង្ឃឹមថាវាអាចជួយអ្នករាល់គ្នាបានខ្លះ ! ជូនពរឲ្យប្អូនៗ ប្រលងបាក់ឌុបក្នុងថ្ងៃ ទី ៤-៥ ខាងមុខនេះ ទទួលបានជោគជ័យគ្រប់ៗគ្នា។

0 comments:

Post a Comment